Friday, August 17, 2012

ក្រសួង​វប្បធម៌​ គ្រោង​កោះ​ព្រមាន អ៊ែនឌី និង​ អាវីហ្សា​​ រឿងរូបថត Sexy

តាម​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ គ្រោង​នឹង​កោះ​ព្រមាន​តារា​សម្ដែង​ពីរ​រូប​គឺ លោក អ៊ែនឌី និង​កញ្ញា ពេជ្រ អាវីហ្សា​ ពាក់ព័ន្ធ​ទៅ​នឹង​​ពួក​គេ​បាន​រំលេច​រូប​ភាព Sexy ចុះ​ផ្សាយ​​លើ​ទំព័រ​ទស្សនាវដ្ដី និង​កាសែត​នានា ដែល​មើល​ទៅ​មាន​លក្ខណៈ​ហួស​ហេតុ​ពេក។
អ៊ែនឌី និង ពេជ្រ អាវីហ្សា ថតរូបកម្មវិធីសម្ពោធ ហាង ឆយី យប់មិញ
ការ ​ត្រៀម​កោះ​ព្រមាន​តារា​ទាំង​ពីរ​ពី​សំណាក់​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នេះ​ ​បាន​លេច​ឡើង​បន្ទាប់​ពី​​សារព័ត៌មាន​ក្នុង​ស្រុក​ធំ​មួយបាន​ចុះ​ផ្សាយ​ អត្ថបទ​និយាយ​ពី​កញ្ញា ពេជ្រ​ អាវីហ្សា ថត​អាក្រាត​ជា​មួយ​លោក អ៊ែនឌី ​ត្រូវ​​រង​ការ​រិះគន់។ ព័ត៌មាន​នោះ​បាន​ទៅ​ដល់​ដៃ​ ក្រសួង​វប្បធម៌ ហើយត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ក្រសួង​នេះ ​បាន​កោះ​អញ្ជើញ​មន្ត្រី​ពាក់ព័ន្ធ​នានា​ចូល​ប្រជុំ​ដើម្បី​និយាយ​ពី​រឿង​ តារា​សម្ដែង​ទាំង​ពីរ​ថត​រូប​បែប​នេះ។
ប្រភព​ពី​​​ស្ថាប័ន​ព័ត៌មាន​ មួយ ដែល​ស្នើ​សុំ​​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​ Call មក​ស្ថាប័ន​លោក​​សួរ​​នាំ​ពាក់ព័ន្ធ​ទៅ​នឹង​អត្ថបទ​ចុះ​ផ្សាយ​និយាយ​ពី​ការ​ ថត ​Sexy ក្នុង​នោះ​គេបាន​សួរ​នាំ​លោក ​ពី​រូប​ថត​ទាំង​នោះ ​ថា​ថត​ក្នុង​គោល​បំណង​ផ្សាយ​ពាណិជ្ជកម្ម​ ឬ​មួយ​មាន​គោល​បំណង​ផ្សេង។ លោក​បាន​ឆ្លើយ​តប​ថា ​​រូប​ថត​​នោះ​ លោក​ទទួល​បាន​ពី ​Facebook ដែល​ពួកគេ​អនុញ្ញាត​ឱ្យ​ចុះ​ផ្សាយ។ លោក​បញ្ជាក់​ថា ​រូបថត​ទាំង​នោះ ​​ថត​ឡើង​​មិន​មែន​​ក្នុង​គោល​បំណងផ្សាយ​ពាណិជ្ជកម្ម​នោះ​ទេ គឺ​ថត​ក្នុង​គោល​បំណង​ផ្សេង។ យ៉ាង​ណា​ក៏​ដោយ​ប្រភព​​នោះ​ ​មិន​​បាន​បញ្ជាក់​ថា ក្រសួង​នឹង​ចាត់​វិធានការ​ទៅ​លើ​រឿង​នេះ​នៅ​​ពេល​ណា និង​ថ្ងៃ​ណា​ឲ្យ​ប្រាកដ​នៅ​ឡើយ​ទេ។
ពាក់ព័ន្ធ ​ទៅ​នឹង​ការ​ត្រៀម​កោះ​ព្រមាន​ពី​សំណាក់​រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នេះ តារា​សម្ដែង​សម្បូរ​មន្ត​ស្នេហ៍​ស្រីៗ​ចោមរោម​ លោក អ៊ែនឌី បាន​ឲ្យ​ដឹង​ថា​ មក​ទល់​នឹង​ពេល​នេះ ​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កោះ​អញ្ជើញ​ឱ្យ​ចូល​ទៅ​ជួប​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ថត​ រូប ​Sexy ជា​មួយ​ពេជ្រ អាវីហ្សា នៅ​ឡើយ​ទេ។
ប៉ុន្តែ​នៅ​ពេល​សួរ​ពាក់ ​ព័ន្ធ​នឹងរូបថត Sexy ដែល​ក្រសួង​មាន​ប្រតិកម្ម​នេះ លោក​ អេនឌី ប្រាប់​​ថា ​រូបថតនោះ ​លោក​បាន​ថត ជា​មួយ​នឹង​កញ្ញា ពេជ្រ អាវីហ្សា ​ជាង​៣​ឆ្នាំមក​ហើយ គឺតាំង​តែ​ពី​នាង(ពេជ្រ អាវីហ្សា) ​នៅ​ក្មេង​មិន​ទាន់​ល្បី​ម្ល៉េះ ហេតុ​អី​ទើប​តែ​មាន​បញ្ហា​នា​ពេល​នេះ។ ” រូប​ទាំង​នោះ ខ្ញុំ​បាន​ចុះ​ផ្សាយ​ច្រើន​នៅ​តាម​ទស្សនាវដ្ដី អង្គរធំ ទស្សនាវដ្ដី​រុងរឿង និង​ទស្សនាវដ្ដី​ប្រជាប្រិយ យូរ​ណាស់​មក​ហើយ​គ្មាន​ដែល​មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ “។
អេនឌី បន្ត​​ថា ​”តាម​ពិត​ទៅ​ រូប​ថត​​​នោះ​ នៅ​ពេល​ថត គឺ​មាន​អាវ​កាក​អី​ត្រឹមត្រូវ​ណាស់​ មិន​ដូច​រូប​​ដែល​​បាន​ចេញ​ផ្សាយ​ឡើយ​ តែ​ដោយសារ​ខាង​អ្នក​កែ​រូប យក​មក​កែ​ទើប​រូប​​ក្លាយ​​ជា​យ៉ាង​នេះ”។
តារា ​សំណាង​បាន​ត្រកង​ស្រី​ស្អាត​រាប​សិប​នាក់​រូប​នេះ លើក​ឡើង​​ថា ​រូបថត​ទាំង​នេះ​ គឺ​លោក និង​កញ្ញា ពេជ្រ អាវីហ្សា ថត​ទៅ​តាម​ការ​ចង់​បាន​ពី​ម្ចាស់​ Sponsor ដែល​ជា​ផលិតផល​ថែរក្សា​ស្បែករបស់​អាមេរិក ទើប​ថត​យ៉ាង​នេះ មិន​មែន​ក្នុង​ន័យ​​អ្វី​ផ្សេង​ឡើយ ហើយ​ប្រសិន​ណា​បើ​ លោក​ចង់​ថត​ Sexy និង​បញ្ចេញ​អ្វី​គ្រប់​យ៉ាង​ពិត​ប្រាកដ​មែន មិន​មែន​ថត​បែរ​ខ្នង​បែប​ហ្នឹង​ទេ គឺ​ថត​ចំ​ពី​មុខ​ហើយ តែ​នេះ​ដោយសារ​តែ​ខាង​ម្ចាស់ ​Sponsor ជា​អ្នក​តម្រូវ។
ទោះ​ជា​យ៉ាង​ ណា​ក៏​ដោយ​ ក្នុង​ន័យ​ទទួល​ស្គាល់​កំហុស តារា​សម្ដែង​រូប​នេះ ​បញ្ជាក់​ថា​ប្រសិន​ណា​បើ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​​កោះ​អញ្ជើញ​លោក និង​កញ្ញា ពេជ្រ អាវីហ្សា ទៅ​ព្រមាន​រឿង​នេះ​ពិត​ប្រាកដ​មែន ​លោក​មាន​តែ​ធ្វើ​តាម​កោះ​ហៅ និង​ធ្វើ​អ្វី​ដែល​គួរ​ប៉ុណ្ណោះ។
លោក​ អេនឌី បាន​សង្កត់​ធ្ងន់​ថា”បើ​គាត់​ហៅ​សួរ​នាំ​លើ​រឿង​នេះ​ ខ្ញុំ​មាន​តែ​សុំ​ទោស​គាត់​ និង​បងប្អូន​ដទៃ​ទៀតប៉ុណ្ណោះ​ បើ​មាន​ចំណុច​ខ្វះខាត ព្រោះ​ខ្ញុំ​ក៏​មិន​ចង់​ធ្វើ​រឿង​នេះ​ដែរ តែ​ខាង​អ្នក​ Sponsor​ គេ​តម្រូវ​បែប​នេះ”។
ពាក់ព័ន្ធ​នឹង​ករណី​នេះ​ ដែរ កញ្ញា ពេជ្រ អាវីហ្សា មិន​អាច​សុំ​ការ​បក​ស្រាយ​លើ​រឿង​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​នាង​មិន​អាច​ទាក់ទង​បាន។
ប្រភពក្រសួង​វប្បធម៌​ដែល​ ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ប្រាប់​ថា ក្រសួង​របស់​លោក​កំពុង​តែ​ពិនិត្យ​ទៅ​លើ​ករណី​នេះ​មែន ប៉ុន្តែ​មិន​ទាន់​សម្រេច​ថា​ម៉េច​ទេ គឺ​អ្វី​ៗ​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា ក្នុង​ក្រុម​ការងារ​របស់​ក្រសួង​នៅ​ឡើយ។ ប្រសិន​បើរ​ក​ឃើញ​កំហុស​បន្ថែម​ គឺ​ក្រសួង​នឹង​ចាត់​វិធាន​ភ្លាម​តែ​ម្តង សំដៅ​កុំ​ឲ្យ​សកម្មភាព​បែប​នេះ កាន់​តែ​រាល់​ដាល ប៉ុន្តែ​ពេល​នេះ មិនមាន​ការ​សម្រេច​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។
ប្រសិន​បើ​ក្រសួង​វប្បធម៌ ​ដែល​ជាង​ម៉ែ​ឪលើ​សិល្បករ ចេញ​ប្រតិកម្ម​ពិត​ប្រាកដ ដោយ​កោះ​ព្រមាន​លើ​ករណី​លោក អេនឌី និង​ពេជ្រ អាវីហ្សា ពិត​មែន គឺ​ជា​ករណី​ទី១​ហើយ ដែល​ក្រសួង​ធ្វើ​កិច្ច​ការ​នេះ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ តាម​ប្រភព​លាក់​មុខ​ពី​ក្រសួង​ខាង​លើ បាន​បញ្ជាក់​ហើយ​ថា មិន​ទាន់​មាន​អ្វី​ជា​ផ្លូវ​ការ​នៅ​ឡើយ។ បើ​ជា​យ៉ាង​នេះ​ក្តី ទស្សនិកជន​យល់​ថា សិល្បករ គួរ​ចេះ​កម្រិតដែន​កំណត់​នៃ​​រូប​ថត​សិច​ស៊ី​បែប​នេះ ដោយ​ខ្លួន​ឯង​ទើប​ប្រសើរ​ជាង ខុស​ហើយ ចាំ​សុំ​ទោស​ជា​ក្រោយ៕